នាថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី      សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី​  «គោលការណ៍ណែនាំអនុវត្តន៍គម្រោងជំនួយឥតសំណងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា» តាមប្រព័ន្ធវីដេអូពីចម្ងាយ។  សិក្ខាសាលាបណ្តុះបណ្តាលនេះ ដឹកនាំ និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាប្រធានកម្មវិធីCCCA3 និងមានការចូលរួមពីតំណាងក្រសួង សាកលវិទ្យាល័យដៃគូ ស្ថាប័នដៃគូអនុវត្តគម្រោងមូលនិធិជំនួយឥតសំណងនវានុវត្តន៍ការប្រែប្រួលអាកាសធាតុជុំទី១ និងទី២ និងដៃគូពាក់ព័ន្ធ សរុបចំនួន ៦៦នាក់ (ស្ដ្រី ចំនួន១៨នាក់)។  សិក្ខាសាលាបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីបណ្ដុះបណ្ដាលដល់ស្ថាប័នដែលទទួលបានជំនួយមូលនិធិជំនួយឥតសំណងនវានុវត្តន៍ការប្រែប្រួលអាកាសធាតុ ជុំទី២ អំពីគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងក្រោម ជំនួយឥតសំណងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា និងរំលឹកអំពីគោលការណ៍ណែនាំបន្ថែមទៀត ដល់ស្ថាប័នដែលទទួលបានជំនួយមូលនិធិជំនួយឥតសំណងនវានុវត្តន៍ការប្រែប្រួលអាកាសធាតុ ជុំទី១ សាកលវិទ្យាល័យ និងក្រសួងពាក់ព័ន្ធ។  នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះផងដែរ អ្នកចូលរួមទាំងអស់បានចូលរួមពិភាក្សាយ៉ាងផុលផុស និងទទួលបាននូវចំណេះដឹងចាំបាច់មួយចំនួនស្ដីពីការធ្វើរបាយការណ៍ ការគ្រប់គ្រងហិរញ្ញវត្ថុ  នីតិវិធីលទ្ធកម្ម ការគ្រប់គ្រងធនធានមនុស្ស (រួមមានយន្ដការចំណាយ និងការពិនិត្យថវិកាគម្រោង) ការរៀបចំឯកសារផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹង ការត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងចំណេះដឹងមួយចំនួនទៀត។

 

លោកបណ្ឌិត ហាក់ ម៉ៅ បានគូសបញ្ជាក់ថាសិក្ខាសាលាដែលបានរៀបចំឡើងនេះ គឺជាជំហានទី២ក្នុងការអនុវត្ដគម្រោងជំនួយឥតសំណងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា។ យើងអាចឃើញពីដំណើរការនៃការ    អនុវត្ដរបស់អ្នកទទួលជំនួយជុំទី១ ហើយនេះគឺជាសកម្មភាពជាបន្ដបន្ទាប់ដែលកម្មវិធីCCCAបានផ្ដល់ឱកាសដល់  ក្រសួង/ស្ថាប័នដែលទទួលបានជំនួយមូលនិធិជំនួយឥតសំណងនវានុវត្តន៍ការប្រែប្រួលអាកាសធាតុ ជុំទី១ និងទី២  ក៏ដូចជាសាកលវិទ្យាល័យ និងអន្ដរក្រសួងបានមកជួបគ្នានិងដកស្រង់យកបទពិសោធន៍ល្អ ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង។

តំណភ្ជាប់កម្រងរូបភាព៖ https://ncsd.moe.gov.kh/resources/album/training-workshop-ccca3-grant-implementation-guidelines-gig 

  • Share on Social Media