«ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេចលើជំហររបស់ខ្លួនសម្រាប់សន្និសីទកំពូលលើកទី២៦ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ» នេះជាការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ក្នុងកិច្ចប្រជុំស្តីពីការរៀបចំជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ តាមរយៈវីដេអូពីចម្ងាយ (Zoom)។

ថ្លែងក្នុងកិច្ចបើកអង្គប្រជុំ ឯកឧត្តម ទិន ពន្លក បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីបង្កើនការយល់ដឹងអំពីទិដ្ឋភាពរួមនៃការចរចាអាកាសធាតុ របៀបវារៈសំខាន់ៗ និងឯកភាពលើខ្លឹមសារនៃគោលជំហររបស់ប្រទេសកម្ពុជា សម្រាប់បង្ហាញនៅក្នុងសន្និសីទកំពូល​លើក​ទី២៦ (COP26) នៅប្រទេសអង់គ្លេស នាខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមបានបន្ថែមទៀតថា  សន្និសីទកំពូលលើកទី១ត្រូវបានរៀបចំឡើងក្នុងឆ្នាំ្១៩៩៥ ហើយសម្រាប់ឆ្នាំនេះគឺជាសន្និសីទកំពូលលើកទី២៦ បន្ទាប់ពីត្រូវបានពន្យារពេលមួយឆ្នាំដោយសារការីករាលដាលនៃជំងឺកូវីដ១៩។ COP26 ពិតជាមានសារៈសំខាន់ សម្រាប់ការពិភាក្សា និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ឯកឧត្តមបានបន្ថែមទៀតថា របាយការណ៍សំយោគរបស់ UNFCCC ស្តីពី NDCs បង្ហាញថាពិភពលោកហាក់នៅឆ្ងាយពីគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចំពោះការកំណត់ការកើនឡើងសីតុណ្ហភាពសកលឲ្យនៅក្រោម២អង្សាសេ។ ថ្វីត្បិតតែប្រទេសកម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នតិចតួចក៏ដោយក៏កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពិភពលោក ក្រោមគោល​ការណ៍ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន។ កម្ពុជាជោគជ័យ និងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដោយបានដាក់ជូនរបាយការណ៍ INDC ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥ របាយការណ៍បច្ចុប្បន្នភាព Updated NDC ខែធ្នូ ឆ្នាំ២០២០ ហើយបាននិងកំពុងរៀបចំយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីដាក់ជូនលេខាធិការដ្ឋាន UNFCCC និងគ្រោងនិងបញ្ចប់ មុន COP26 ខាងមុខនេះ។

ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈការ​​ចូលរួមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនលើជំនួយបច្ចេកទេស និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងមូលនិធិអាកាសធាតុលើការអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ លទ្ធភាពទទួលបានហិរញ្ញវត្ថុអាកាសធាតុ នៅតែឆ្ងាយនិងស្មុគស្មាញ ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដូចកម្ពុជា។ ដូចនេះ សម្រាប់គោលជំហរដែលកម្ពុជានឹងលើកយកមកបង្ហាញក្នុង COP26 គឺយើងគួរតែតស៊ូមតិ ដើម្បីទទួលបានភាពងាយស្រួលក្នុងនាមជាប្រទេស LDCs ឱ្យមានតុល្យភាពល្អប្រសើររវាងជំនួយនិងប្រាក់កម្ចីសម្រាប់ការផ្តល់ហិរញ្ញប្បទានបន្ស៊ាំបន្ថែម និងតម្រូវឱ្យប្រទេសអភិវឌ្ឍន៍អនុវត្តតាមការសន្យារបស់ខ្លួនក្នុងការផ្តល់ហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុចំនួន ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។ នៅក្នុងកិច្ចប្រជុំនេះក៏មានកិច្ចពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាពិសេសវិស័យដែលមិនទាន់បានបញ្ចប់ (ព្រៃឈើនិងការប្រើប្រាស់ដី និងថាមពល)ដើម្បីដាក់ជូនទៅលេខាធិការដ្ឋាន UNFCCC នៅមុន COP26 នៅដើមខែវិច្ឆិកានេះ។

គូសបព្ជាក់ផងដែរថា កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ក្រោមការដឹកនាំ និងសម្របសម្រួលការពិភាក្សាដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងដោយមានការចូលរួមពីគណៈប្រតិភូតំណាងក្រសួងពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ចំនួន ៦៥រូប។ ជាកិច្ចបិទបញ្ចប់កម្មវិធី  ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. បានថ្លែងអំណរគុណដល់គណៈប្រតិភូ ក្រសួងពាក់ព័ន្ធ និងអ្នកចូលរួម ដែលបានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងមានសារៈសំខាន់ លើសេចក្តីព្រាងខ្លឹមសារនៃគោលជំហររបស់ប្រទេសកម្ពុជា សម្រាប់ COP26 ដើម្បីអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ ត្រូវគោរពនិងបំពេញកាតព្វកិច្ចរបស់ខ្លួនដែលមានស្រាប់ ដូចដែលមានចែងនៅក្នុងអនុសញ្ញា UNFCCC   ក្នុងការផ្តល់ការគាំទ្រហិរញ្ញវត្ថុ ការអភិវឌ្ឍនិងផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំងផ្នែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងផ្នែកបន្ស៊ាំ ដើម្បីឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានស្វាគមន៍នូវធាតុចូលនានា​បន្ថែមទៀតលើគោលជំហរកម្ពុជាសម្រាប់  COP26 និងស្នើឱ្យទីប្រឹក្សាជំនាញបញ្ចប់យុទ្ធសាស្ត្ររយៈពេលវែងក្របកបដោយអព្យាក្រឹតកាបូន ដើម្បីដាក់ជូនទៅ UNFCCC នៅមុន COP26។









  • Share on Social Media