ការរៀបចំស្ថាប័ន

ការរៀបចំស្ថាប័នបច្ចុប្បន្នសម្រាប់ការងារប្រែប្រួលអាកាសធាតុ អនុញ្ញាតឱ្យស្ថាប័នរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលអាចចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងការអនុវត្តវិធានការឆ្លើយតបរបស់កម្ពុជា។

ការបង្កើតឡើងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) នៅខែឧសភាឆ្នាំ២០១៥ ដែលជាអង្គភាពអន្តរក្រសួងត្រួតពិនិត្យការងារឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺបង្ហាញពីចំណុចសំខាន់មួយនៃដំណើរការជាតិកំណែទម្រង់ស្ថាប័នដើម្បីឱ្យមានការឆ្លើយតបដ៏ប្រសិទ្ធភាព បរិយាបន្ន និងពេញលេញ។​ អគ្គលេខាធិការដ្ឋាន(GSSD) និងជាពិសេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ (DCC) ក៏ដូចជាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWG)អន្តរវិស័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការអនុវត្តការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេស។

NCSD មានសម្តេចនាយករដ្ឋមន្រ្តីជាប្រធានកិត្តិយស រដ្ឋមន្រ្តីក្រសួងបរិស្ថានជាប្រធាន និងអគ្គលេខាធិការដ្ឋាន។ សមាជិកភាពរួមមានតំណាងមន្រ្តីជាន់ខ្ពស់មកពីក្រសួង / ស្ថាប័នចំនួន៣៦ និងអភិបាលខេត្ត/រាធានីទាំងអស់។ ក្រុមប្រឹក្សាពិនិត្យមើលកិច្ចប្រឹងប្រែងរបស់ប្រទេសក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយមានអណត្តិរៀបចំ សម្របសម្រួល និងត្រួតពិនិត្យការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានគតិយុត្ត ផែនការនិងកម្មវិធីនានាដែលទាំងការអនុវត្ត CCCSP និងផែនការសកម្មភាពប្រែប្រួលអាកាសធាតុតាមវិស័យ។

CCTWG ជាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុអន្តរក្រសួងដែលបង្កើតឡើងនៅឆ្នាំ២០១៧ ដឹកនាំដោយអគ្គលេខាធិការរងនៃNCSD និងមានសមាជិកសារុបចំនួន២៥ រូប តំណាងមកពីក្រសួង / ស្ថាប័នផ្សេងៗគ្នាចំនួន១៩។ CCTWG ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងមតិយោបល់ស្តីពីការប្រែប្រួលអាកាសធាតុជូនដល់សមាជិក NCSD ដោយមានលក្ខខណ្ឌការងារគ្របដណ្តប់លើគោលនយោបាយ ក្របខ័ណ្ឌគតិយុត្តិ ការគ្រប់គ្រងចំណេះដឹងនិងការធានាគុណភាព ការត្រួតពិនិត្យនិងវាយតម្លៃ ការរៀបចំរបាយការណ៍ជូនទៅUNFCCC ការវាយតម្លៃបច្ចេកទេស ការកៀរគរធនធាននិងភាពជាដៃគូ ការកសាងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងនិងការរាយការណ៍លើការងារប្រែប្រួលអាកាសធាតុ។

យន្តការសម្របសម្រួលជាមួយដៃគូរមិនមែនរដ្ឋាភិបាល មានដូចជា ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ត្រូវបានរៀបចំឡើងតាមរយៈកិច្ចប្រជុំរួមគ្នាជាមួយ CCTWG ចំនួន២ដងក្នុងមួយឆ្នាំ ។

នាយកដ្ឋានប្រែប្រួលអាកាសធាតុ (DCC) ជានាយកដ្ឋានចំណុះឱ្យអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដើរតួនាំមុខក្នុងការអនុវត្តកិច្ចប្រឹងប្រែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា និងជាស្ថាប័នបង្គោលរបស់កម្ពុជា ទៅ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ភារកិច្ចសំខាន់ៗរបស់នាយកដ្ឋានមានដូចជា៖

  • រៀបចំឧបករណ៍ច្បាប់និងសារពើពន្ធ គោនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធី និងគម្រោងស្អីពីការប្រែប្រួលអាកាសអាតុក្នុងន័យកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
  • សម្របសម្រួលនិងគាំទ្រការអនុវត្តគោលនយោបាយ ច្បាប់ លិខិតុបករណ៍ រៀបចំផែនការ និងការត្រួតពិនិត្យ ការវាយតម្លៃ និងការរាយការណ៍ជាប្រចាំ។
  • សម្របសម្រួលនិងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ការរៀបចំនិងគ្រប់គ្រងសារពើភ័ណ្ឌ GHGs របាយការណ៍ជាតិ របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្តង(BURs) និងអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀតលើសកម្មភាពអាកាសធាតុ។
  • កៀរគរនិងគ្រប់គ្រងធនធាននិងកសាងភាពជាដៃគូដើម្បីបង្កើនការអនុវត្តការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។