នារសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានដឹកនាំសហការី និងមន្រ្តី CCCA3 ជួបប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ធនាគារអភិវឌ្ឍន៍អាស៊ី និងទីប្រឹក្សាអន្តរជាតិ ពាក់ព័ន្ធនឹងការគិតគូរបញ្ចូលការប្រែប្រួលអាកាសធាតុ នៅក្នុងដំណាក់កាលមួយចំនួននៃវដ្តគម្រោងវិនិយោគសាធារណៈ (PIM)។ 

លោកបណ្ឌិត ហាក់ ម៉ៅ បានស្វាគមន៍ និងគាំទ្រនូវកិច្ចសហការនេះ ហើយបានលើកឡើងអំពីសកម្មភាពរួមគ្នាដែលក្រសួងបរិស្ថាន CCCA និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្លាប់អនុវត្តក្នុងការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការក្រសួងស្ថាប័នជាតិ និងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់កន្លងមក។  លោកបណ្ឌិតបានលើកឡើងអំពីការពង្រឹងសមត្ថភាពស្ថាប័ន ផែនការយុទ្ធសាស្រ្ត និងវិស័យសំខាន់ៗដែលគួរត្រូវគិតគូរក្នុងការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការវិនិយោគសាធារណៈ ដើម្បីធានាថាសកម្មភាពនេះមានសង្គតិភាពជាមួយផែនការយុទ្ធសាស្រ្តជាតិ និងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសរបាយការណ៍ជាតិដែលបានដាក់ចេញ រួមមាន៖ របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន យុទ្ធសាស្រ្តស្តីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ។ល។

កិច្ចប្រជុំបានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
• ស្នើឱ្យក្រុមការងារ MEF ពិនិត្យលទ្ធភាពដាក់បញ្ចូលការវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងការវិនិយោគសាធារណៈ
• ស្នើសុំលទ្ធភាពឱ្យក្រសួងស្ថាប័ន អាចលើកថវិកាផ្ទាល់ខ្លួនដើម្បីអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុ ក្រោមជំនួយបច្ចេកទេសពី MEF
• ស្នើឱ្យក្រុមការងារ MEF ផ្តល់នូវទស្សនទាន និងឧបករណ៍វាយតម្លៃជាក់លាក់ក្នុងការដាក់បញ្ចូលសកម្មភាពប្រែប្រួលអាកាសធាតុក្នុងការវិនិយោគសាធារណៈ

សកម្មភាពដែលនិងត្រូវធ្វើបន្ទាប់ពីកិច្ចប្រជុំរួមមាន ៖
•  ទីប្រឹក្សានិងផ្ញើជូននូវសេចក្តីព្រាងនៃការដាក់បញ្ចូលការវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងការវិនិយោគសាធារណៈមកនាយកដ្ឋានប្រែប្រួលអាកាសធាតុ ដើម្បីពិនិត្យ កែសម្រួលនិងផ្តល់ធាតុចូលបន្ថែមទៀត
•  ពិនិត្យបន្ថែមក្នុងការបង្កើតក្រុមការងារការវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងការវិនិយោគសាធារណៈ និងគោលការណ៍ក្នុងការវិនិយោគមូលនិធិអាកាសធាតុ
•  ស្នើសុំការចូលរួមសិក្ខាសាលាអំពីលទ្ធផលក្នុងការចងក្រងនូវសេចក្តីព្រាងនៃការដាក់បញ្ចូលការវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងការវិនិយោគសាធារណៈ។ 








  • Share on Social Media