ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តសៀមរាប នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំសិក្ខាសាលាវិបស្សនា សម្រាប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាជំហានទី៣ (CCCA3) រួមទាំងគម្រោងនិងកម្មវិធីក្រោមការដឹកនាំនិងសម្របសម្រួលរបស់នាយកដ្ឋានមួយចំនួនទៀត។ សិក្ខាសាលាវិបស្សនានេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ខែមិថុនា ឆ្នាំ២០២០  ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ឯកឧត្តមអគ្គលេខាធិការរងទទួលបន្ទុក និងលោកប្រធាននាយកដ្ឋាន ដោយមានអ្នកចូលរួមប្រមាណ ៤៧នាក់ ក្នុងនោះស្រ្តី១៦នាក់ មកពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ មន្ត្រីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងមន្រ្តីគម្រោងពាក់ព័ន្ធ។  គោលបំណងនៃអង្គសិក្ខាសាលានេះគឺដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់នាយកដ្ឋានក្នុងការអនុវត្ត កម្មវិធី និងគម្រោងនានាដែលសម្របសម្រួល និងដឹកនាំដោយនាយកដ្ឋាន និងរៀបចំផែនការសកម្មភាពលម្អិតតាមការិយាល័យនិងតាមវិស័យសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។ សិក្ខាកាមទាំងអស់នឹងចូលរួមដាំដើមឈើនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនផងដែរ។

ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានដែលសម្រចបានលទ្ធផលធំៗ ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការអភិវឌ្ឍន៍ជាតិនានា និងការកៀរគរធនធាន។ល។ ឯកឧត្តម ក៏បានជម្រាបជូន ថាប្រទេសកម្ពុជាបានកៀរគរថវិកា ប្រមាណ ៧០ ទៅ ៨០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយមានការងារមួយចំនួនទៀតបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ ជំរុញការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការនានា។ល។  ឯកឧត្តមក៏បានផ្តល់ទស្សនទាននិងអនុសាសន៍មួយចំនួនដល់មន្រ្តីនាយកដ្ឋាន និងមន្រ្តីគម្រោងពាក់ព័ន្ធឲ្យពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមទៀត ជាពិសេសលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ការរៀបចំផែនការ ការអនុវត្ត និងការតាមដានការអនុវត្ត ដើម្បីផ្តល់យោបល់និងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័ន និងវិស័យពាក់ព័ន្ធ។ យើងត្រូវតែគិតគូរផងដែរអំពីផលប៉ះពាល់ដោយសារជម្ងឺ COVID 19 ដែលកម្មវិធី CCCA បានត្រៀមថវិកាជាងមួយសែនដុល្លារដើម្បីដោះស្រាយបញ្ហានេះ។

ឯកឧត្តម បានបង្ហាញជំនឿចិត្តខ្ពស់ថា ក្រុមការងារ នឹងបន្តកិច្ចខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្របសម្រួល និងសហការដើម្បីសម្រេចឲ្យបានតាមផែនការដាក់ចេញ ព្រមទាំងបង្កើនការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុធំៗបន្ថែមទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ៕

កម្រងរូបភាព

  • Share on Social Media