គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តម នេត្រ ភត្រ្តា បានចូលរួមសន្និសីទសារព័ត៌មានស្តីពី​ «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភត្ដ្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានដឹកនាំ​គណៈប្រតិភូក្រសួងបរិស្ថាន រួមមាន ឯកឧត្តម ស៊ុំ ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងលោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»​ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជ​​រដ្ឋាភិបាល​​ នៅវិមានសន្តិភាព។​ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ដែលជាកត្តានាំឲ្យកើតមានផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម រួមនឹងវិធានការជាក់ស្ដែង ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តម នេត្រ ភត្ដ្រា បានថ្លែងថាការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាពីរយ៉ាង ទី១. កត្តាធម្មជាតិ (Natural Climate Change)៖ កើតឡើងដោយសារដំណើរការធម្មជាតិមានអន្តរទំនាក់ទំនង ជាមួយប្រព័ន្ធព្រះអាទិត្យដូចជាវដ្តទឹក និង ថាមពល ការផ្លាស់ប្តូរនៃចលនាអ័ក្សផែនដី កម្រិតប្រែប្រួលនៃពន្លឺព្រះអាទិត្យ ចរន្តទឹកសមុទ្រ និងបន្ទុះភ្នំភ្លើង។ល។ ប៉ុន្តែបាតុភូតទាំងនេះមានភាពយឺតយ៉ាវ និងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ទី២. កត្តាមនុស្ស (Anthropogenic Climate Change)៖ ការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្សកើតមានឡើង ចាប់ពីការរីកចម្រើន នៃបដិវត្តឧស្សាហកម្ម ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៨០០ ដែលកត្តានេះបណ្តាលមកពីការកើនឡើង នៃការដុតប្រេងឥន្ធនៈផូស៊ីល (ការបញ្ចេញឧស្ម័នកាបូនិច)។ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៣០ និង១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញនូវលទ្ធផល នៃការសិក្សាស្រាវកាន់តែច្បាស់ និងអាចជឿជាក់បាន គឺការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ដោយសារសកម្មភាពមនុស្សដែលទាមទារឲ្យពិភពលោកចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាសកលនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា កម្ពុជាត្រូវបានចាត់ក្នុងលំដាប់ទី១៣ នៅក្នុងសន្ទស្សន៍ហានិភ័យអាកាសធាតុពិភពលោក (១៩៩៥-២០១៥) និងលំដាប់ទី៨ ក្នុងសន្ទស្សន៍ហានិភ័យពិភពលោក (២០១៦) ក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតលើពិភពលោក។ នៅឆ្នាំ២០១៩នេះ យើងទាំងអស់គ្នាបានប្រឈមរលកកម្តៅខ្ពស់បំផុតមួយ ដែលបានបង្ខំឱ្យយើងត្រូវកែតម្រូវម៉ោងសិក្សារបស់សិស្សានុសិស្ស ជាពិសេសកុមារ តូចៗ ដែលជាជនងាយរងគ្រោះបំផុតពីឥទ្ធិពលនៃរលកកម្តៅនេះ។ ជាក់ស្តែងនៅប្រទេសកម្ពុជា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសកម្មភាពកសិកម្មដែលពឹងផ្អែកលើទឹកភ្លៀងគឺជាប្រការគួរឱ្យព្រួយបារម្ភពី ព្រោះរបរចិញ្ចឹមជីវិតតាមបែបនេះនឹងអាចងាយរងគ្រោះខ្លាំងដោយសារកត្តាអាកាសធាតុ។  ការបាត់បង់ផលស្រូវនៅកម្ពុជា៧០% ដោយសារទឹកជំនន់ និង២០% ដោយសារភាពរាំងស្ងួត។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់បន្ថែមថា តាមការសិក្សានៅឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សាស្រាវជ្រាវរយៈពេល២ឆ្នាំ អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះសេដ្ឋកិច្ចកម្ពុជារហូតដល់ឆ្នាំ២០៥០ ហើយដែលលទ្ធផលនៃការសិក្សានេះ គឺ «របាយការណ៍ស្តីពី ដំណោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។ លទ្ធផលនៃការសិក្សាបានបង្ហាញថា «នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើយើងមិនបន្ថែមការវិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) បណ្តាល មកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើនសីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម»។

ឯកឧត្តមរដ្ឋលេខាធិការ បានអះអាងថា ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុ ជាក់ស្តែងតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យជន់លិចបង្កជាទឹកជំនន់ តំបន់ខ្លះទៀតមានភ្លៀងធ្លាក់តិចតួច បង្កឲ្យមានភាពរាំងស្ងួត។ កំណើននីវ៉ូទឹកសមុទ្រកើតឡើង ការជ្រាបចូលនៃទឹកប្រៃក្នុងប្រព័ន្ធទឹកសាប៕ សម្រាប់ការទស្សនាវីដេអូទាំងមូល សូមចូលក្នុងតំណភ្ជាប់របស់ fresh news ខាងក្រោម៖ http://www.freshnewsasia.com/index.php/en/localnews/168008-2020-08-12-05-48-24.html

 

  • Share on Social Media